គ.ជ.ប ចេញសេចក្តីសម្រេចមិនលើកយកមកពិនិត្យ ពាក្យសុំចុះបញ្ជីបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ របស់អតីតគណបក្សសង្គ្រោះជាតិ

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានសម្រេចមិនលើកយកមកពិនិត្យ ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះ ចេញពីបញ្ជីគណបក្សនយោបាយ តាមសាលដីការបស់តុលាការកំពូល។ នេះបើតាមសេចក្ដីសម្រេច របស់ គ.ជ.ប ស្ដីពី ការប្រកាសមិនលើកយកមកពិនិត្យ នូវពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕